ចែករំលែកនៅលើ
គោលបំណងអភិវឌ្ឍ
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ, ផែនការមេដែលមានរយៈពេល ១៥ឆ្នាំនេះ បែងចែកការអភិវឌ្ឍជា២ដំណាក់កាល៖

ដំណាក់កាលទី១
(២០២៥ - ២០៣០)
ក្នុងរយៈពេលខ្លី (២០២៥ - ២០៣០), ផែនការមេនឹងផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់ ការពង្រីកមុខងារភស្តុភារកម្មនិងវិស័យទេសចរណ៍ ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់និងអភិវឌ្ឍតំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធ។

ដំណាក់កាលទី២
(២០៣១ - ២០៤០)
ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ (២០៣១ - ២០៤០), ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិនិងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូននិងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុ-មុខងារ ជាមួយនឹងមុខងារក្នុងការផលិតទំនិញនិងសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ មូលដ្ឋានសម្រាប់ឧស្សាហកម្មសំខាន់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ ទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញលើសកលលោក ដែលគួរឱ្យចង់រស់នៅ និងសមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតងនិងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព។
កម្រិតនៃការអភិវឌ្ឍ ៖
ដំណើរការនៃការសម្រេចបានការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ជាដំណើរការនៃការរៀបចំប៉ូលកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ដោយផ្អែកលើដំណើរការនៃការអភិវឌ្ឍនិងបទពិសោធរបស់តំបន់សេដ្ឋកិច្ចពិសេសនៅអាស៊ី ការរួមចំណែកនៃតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅក្នុងសេដ្ឋកិច្ចជាតិនឹងបន្តកើនក្នុងរយៈពេល១៥ឆ្នាំដំបូង បន្ទាប់ពីការចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរហូតដល់ដំណាក់កាលដែលមានស្ថិរភាព។
ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ខេត្តព្រះសីហនុត្រូវបានព្យាករណ៍ថានឹងក្លាយទៅជា ទីក្រុងរីកចម្រើនដែលមានប្រាក់ចំណូលខ្ពស់លើសគេនៅកម្ពុជា។ ក្រោយការបញ្ចប់ការអនុវត្តផែនការមេ ខេត្តព្រះសីហនុ ត្រូវបានរំពឹងថានឹងមានប្រជាជនរស់នៅចំនួនប្រមាណ១លាននាក់និងបង្កើតផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំចំនួនប្រមាណ១៣,៦ប៊ីលានដុល្លារអាម៉េរិក។ ការអភិវឌ្ឍដីត្រូវប៉ាន់ប្រមាណថានឹងគ្របដណ្តប់លើផ្ទៃដីទំហំពី២០០ទៅ២៥០គីឡូម៉ែត្រការ៉េ ដែលទំហំនេះនឹងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទីប្រជុំជនធំជាងគេលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញនិងជារដ្ឋបាលថ្នាក់ក្រោមជាតិលំដាប់ទី៣ ដែលមានទំហំសេដ្ឋកិច្ចនិងចំនួនប្រជាជន បន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តកណ្តាល។
រចនាសម្ព័ន្ធនៃការបែងតំបន់អភិវឌ្ឍន៍៖
រចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍នៅខេត្តព្រះសីហនុត្រូវបែងចែកជា “ខ្សែក្រវាត់១ របៀង១ ទីក្រុង៣ ស្រុក១និងពហុតំបន់អភិវឌ្ឍន៍” ដោយផ្អែកលើលក្ខណៈភូមិសាស្ត្ររបស់ខេត្តនិងគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ រចនាសម្ព័ន្ធនេះទាញយកអានុភាពពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែសមុទ្រស្ទឹងហាវ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនិងរបៀងចរាចរណ៍ក្នុងតំបន់ ដូចជាផ្លូវជាតិលេខ៤និងផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ។
គោលគំនិត "ក្រវាត់១ ច្រករបៀង១ ទីក្រុង៣ និងស្រុក១ ពហុចំណុច" រួមមានក្រវាត់អភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ច្រករបៀងអភិវឌ្ឍន៍សេដ្ឋកិច្ច ទីក្រុងរួមបញ្ចូលគ្នាព្រះសីហនុ-ព្រៃនប់ ក្រុងស្ទឹងហាវ ក្រុងកោះរ៉ុង ស្រុកកំពង់សិលា និង ទីប្រជុំជនចម្រុះ។ រចនាសម្ព័ន្ធនេះដាក់ខេត្តព្រះសីហនុជា "អ្នកដឹកនាំ" នៃច្រករបៀងឧស្សាហកម្មជាតិ PP-SHV និងជា "មជ្ឈមណ្ឌល" នៃក្រវ៉ាត់អភិវឌ្ឍន៍ឆ្នេរនៅឈូងសមុទ្រកម្ពុជា។
ខ្សែក្រវាត់១និងរបៀង១
“ខ្សែក្រវាត់១និងរបៀង១” សំដៅដល់ខ្សែក្រវាត់អភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជានិងរបៀងអភិវឌ្ឍន៍សេដ្ឋកិច្ចភ្នំពេញ-ខេត្តព្រះសីហនុដែលជាធាតុផ្សំដ៏សំខាន់សម្រាប់រចនាសម្ព័ន្ធនៃការបែងចែកទំហំដីសម្រាប់ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ។ ខ្សែក្រវាត់អភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងពីច្រកអន្តរជាតិ ចាំយាមដល់ច្រកអន្តរជាតិព្រែកចាក ត្រូវបានកំណត់ជាតំបន់ទេសចរណ៍ តំបន់រមណីយដ្ឋាននិងតំបន់ហិរញ្ញវត្ថុ ជាពិសេសគ្របដណ្តប់លើទីតាំងសំខាន់ៗ ដូចជាកោះរ៉ុង ក្រុងព្រះសីហនុ ឆ្នេរជាប់ៗគ្នា ឧទ្យានជាតិសមុទ្រព្រះសីហនុរាមនិងព្រៃកោងកាង។ របៀងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់ព្រំប្រទល់រដ្ឋបាលរវាងស្រុកកំពង់សីលា ខេត្តព្រះសីហនុនិងឃុំត្រែងត្រយឹងនៃស្រុកភ្នំស្រួច គ្របដណ្តប់ទីក្រុងស្ទឹងហាវ ទីប្រជុំជនកសិកម្មនៃខេត្តព្រះសីហនុ (agro-town)និងទីប្រជុំជនកំពង់សីលាដែលនឹងចូលរួមជំរុញការអភិវឌ្ឍឧស្សាហកម្ម។
ក្រុង៣និងស្រុក១
“ទីក្រុងសមាហរណកម្មក្រុងព្រះសីហនុ-ក្រុងកំពង់សោម-ព្រៃនប់” ដែលគ្របដណ្តប់ក្រុងព្រះសីហនុ ក្រុងកំពង់សោមនិងស្រុកព្រៃនប់នៅក្នុងរដ្ឋបាលបច្ចុប្បន្ន។ តំបន់អភិវឌ្ឍន៍សំខាន់ៗនៅក្នុង "ទីក្រុងសមាហរណកម្មក្រុងព្រះសីហនុ-ក្រុងកំពង់សោម-ព្រៃនប់" រួមមាន ក្រុងព្រះសីហនុ ឆ្នេររាមនិងសហគមន៍បិតត្រាំងក្នុងស្រុកព្រៃនប់។ ដោយភាពជិតគ្នានៃទំហំដីនិងពេលវេលានៃការអភិវឌ្ឍ នគរូបនីយកម្មជាបន្តបន្ទាប់នឹងអាចសមាហរណកម្មក្រុងព្រះសីហនុ ក្រុងកំពង់សោមនិងស្រុកព្រៃនប់។ កត្តានេះអនុញ្ញាតឱ្យមានការសម្របសម្រួលគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងការអភិវឌ្ឍទីក្រុងនៃក្រុងព្រះសីហនុ ក្រុងកំពង់សោមនិងស្រុកព្រៃនប់ទាំងមូល។ តំបន់៣ទៀតគឺ ទីក្រុងស្ទឹងហាវ ក្រុងកោះរ៉ុងនិងស្រុកកំពង់សីលាដែលគ្របដណ្តប់លើស្រុកស្ទឹងហាវ ក្រុងកោះរ៉ុងនិងស្រុកកំពង់សីលាទាំងមូល។
ទីប្រជុំជនចម្រុះ
ទីប្រជុំជនចម្រុះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងជើងទីក្រុងសមាហរណកម្មក្រុងព្រះសីហនុ-ក្រុងកំពង់សោម-ព្រៃនប់និងស្រុកកំពង់សីលា។ ទីប្រជុំជនសំខាន់ៗមួយចំនួនទៀត ដូចជាទីប្រជុំជនកសិកម្មនៃខេត្តព្រះសីហនុ ទីប្រជុំជននៅផ្លូវបំបែកស្រែអំបិលនិងទីប្រជុំជនកំពង់សីលាត្រូវបានកំណត់ជាបណ្តុំសេវាកម្មឧស្សាហកម្មឬកសិកម្ម។